ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២១ មន្ដ្រីជំនាញត្រួតពិនិត្យយានយន្ដគោលដៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ចំនួន១៤៩៣៧ គ្រឿង ក្នុងនោះ រកឃើញយានយន្តមានកំហុស ចំនួន៤៦៤គ្រឿង និងពិន័យបាន ចំនួន ២៨៥ ២២៥ ០០០រៀល។

ថ្មីៗនេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅគោលដៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបណ្ណបើកបររបស់អ្នកបើករថយន្តដឹកទំនិញ ចេញ-ចូល កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ 

ជាលទ្ធផល ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចណ៍ផ្លូវគោកនៅគោលដៅដើមទីកំពង់ផែស្វ័យតក្រុងព្រះសីហនុ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រួតពិនិត្យយានយន្តសរុបចំនួន១៤៩៣៧ គ្រឿង ក្នុងនោះបានរកឃើញយានយន្តមានកំហុសសរុបចំនួន៤៦៤គ្រឿង និងយានយន្តត្រឹមត្រូវមានចំនួន ១៤៤៧៣គ្រឿង ទឹកប្រាក់ពិន័យបានចំនួន ២៨៥ ២២៥ ០០០រៀល ។

ទាក់ទងនឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត លោក សេង ឈួន បានថ្លែងថា យានយន្តកុងតឺន័រមួយចំនួនត្រូវបានរកឃើញមានបញ្ហាបច្ចេកទេស និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ក្នុងនោះរួមមាន ៖  គន្លឹះកុងតឺន័រខូច ឬមិនដំណើរការ សម្បកកង់រថយន្តសឹកខ្លាំង ការប្រើប្រាស់បណ្ណបើកបរខុសប្រភេទយាន និងវិញ្ញាបនបត្រត្រួតលក្ខណៈបច្ចេកទេសរបស់រថយន្តហួសសុពលភាពជាដើម។ 

លោក អំពាវនាវឲ្យអ្នកបើកបរយានយន្តដឹកកុងតឺន័រទាំងអស់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អនុវត្តលក្ខខណ្ឌបច្ចេកទេសយានយន្តឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រើប្រាស់បណ្ណបើកបរឱ្យបានត្រឹមត្រូវតាមប្រភេទយានដែលខ្លួនបើកបរ ធ្វើយ៉ាងណាដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដែលបង្កពីការធ្វេសប្រហែស មិនយកចិត្តទុកដាក់ មិនគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ