សម្ដេចក្រឡាហោម ស ខេង ប្រាប់ទូតអូស្ដ្រាលី ថា គម្រោងនគរបាលសហគមន៍ រួមចំណែកធ្វើឲ្យសហគមន៍ កាន់តែទទួលបានសុខសុវត្ថិភាព
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតអូស្ដ្រាលីថា គម្រោងនគរបាលសហគមន៍ បានរួមចំណែកធ្វើឲ្យសហគមន៍ កាន់តែទទួលបានសុខសុវត្ថិភាពផងដែរ។
នាឱកាសអនុញ្ញាតជូន លោក Justin Kevin ឯកអគ្គរដ្ឋទូតអូស្ត្រាលី ទើបតែងតាំងថ្មី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្រសួងមហាផ្ទៃ មានកិច្ចសហប្រតិបត្តិការ និងទទួលការជួយគាំទ្រពីខាងភាគីអូស្ត្រាលីផងដែរ ជាពិសេសពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម ។
សម្តេច ក៏បានជម្រាបផងដែរថា សម្ដេចក៏ធ្លាប់បានរៀបចំដំណើរទស្សនកិច្ចរួមគ្នាជាមួយឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលី និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅតាមបណ្ដាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរការកំណែទម្រង់ក៏ដូចជាការអនុវត្តគម្រោងនានានៅមូលដ្ឋាន ។
សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនអំពីគម្រោងនគរបាលសហគមន៍ ដែលជាគម្រោងមួយល្អ និងទទួលបានការគាំទ្រពីខាងភាគីអូស្ត្រាលី។ សម្ដេចក៏យកឱកាសនេះថ្លែងអំណរគុណ ដោយគូសបញ្ជាក់ថា «គម្រោងនគរបាលសហគមន៍បានរួមចំណែកធ្វើឲ្យសហគមន៍កាន់តែទទួលបានសុខសុវត្ថិភាព»។
សម្ដេចបន្តថា ការងារនេះ បានជួយបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់។ សម្ដេចក៏ស្នើបន្តជំរុញ និងលើកទឹកចិត្តដល់ភាគីទាំងពីរបន្ត អនុវត្តនូវការងារផ្សេងៗទៀតដែលក្រសួងមហាផ្ទៃ មានជាមួយនគរបាលសហព័ន្ធអូស្ត្រាលី តាមរយៈការចុះកិច្ចព្រមព្រៀង MOU ជាមួយគ្នាកន្លងមក ឲ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម Justin Kevin ក៏បានឯកភាពជាមួយនឹងការលើកឡើងរបស់សម្ដេច ដោយបានគូសបញ្ជាក់ដែរថា អូស្ត្រាលី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងក្រសួងមហាផ្ទៃ ក៏ដូចជាជាមួយនគរបាលកម្ពុជា ទាំងក្នុងក្របខណ្ឌនៃការរៀបចំគោលនយោបាយ ក៏ដូចជាក្នុងប្រតិបត្តិការការងារផ្ទាល់ផងដែរ។ លោក ក៏សម្ដែងនូវសេចក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមកដ៏ល្អរវាងក្រុមការងារ នៃនគរបាលសហព័ន្ធអូស្ត្រាលីជាមួយនឹងនគរបាលកម្ពុជាលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងការងារប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់៕EB