ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.២លាននាក់ ជាមួយនឹងជើងហោះហើរចូលក្នុងប្រទេសជិត៣ម៉ឺនជើង។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

របាយការណ៍របស់ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ ចំនួនភ្ញៀវអន្តរជាតិ ដែលចូលមកកម្សាន្ត នៅប្រទេសកម្ពុជាមានចំនួន ២,២៧៦,៦២៦នាក់ ដែលមានការកើនឡើងដល់ទៅ ១០៥៨.៦ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ ១៩៦,៤៩៥នាក់ប៉ុណ្ណោះ។

ចំពោះភ្ញៀវទេសចរកម្ពុជា ដែលចេញក្រៅប្រទេសក្នុងឆ្នាំ ២០២២ មានចំនួនសរុប ៩៧០,២៩២នាក់ កើនឡើងដល់ទៅ ៣០៧៩.៥ភាគរយ ខណៈភ្ញៀវអន្តរជាតិ ដែលបានចេញក្រៅប្រទេសកម្ពុជាដែរនោះ គឺមានចំនួន ២,០៨២,៧៩២នាក់ កើនឡើង ១០៣៤.៤ភាគរយ។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក៏បានបង្ហាញរបាយការណ៍របស់ខ្លួនដែរថា នៅក្នុងឆ្នាំ២០២២ កម្ពុជាបានទទួលជើងហោះហើរមកពីក្រៅប្រទេសចំនួន ២៩,៩៤២ជើង។ គោលដៅដែលមានជើងហោះហើរមកកម្ពុជាច្រើនជាងគេបំផុត គឺវៀតណាម ថៃ និងសិង្ហបុរី។

របាយការណ៍បានបន្ថែមថា ជើងហោះហើរដែលចេញពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកវិញនោះ គឺមានចំនួន ២២,៤៨៣ជើង កើនឡើង១៦ភាគរយ ដែលភាគច្រើន គឺហោះចេញទៅប្រទេសវៀតណាម ថៃ និងម៉ាឡេស៉ី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ