កណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ថ្ងៃ១៥កើត ខែពិសាខ នេះ គឺជាថ្ងៃបុណ្យវិសាខបូជា មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕