ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់អ្នកជំនាញដោះមីន ចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១០ មករា នេះ លោក ហេង រតនា បានថ្លែងថា «នៅថ្ងៃទី១០ មករា នៅម៉ោងប្រមាណ ១១៖៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)»។
លោក បន្ដថា អង្គការ CSHD ដែលគេស្គាល់ថាជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ លោកថា ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក បន្ថែមថា ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកើតឡើងតែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូងស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ៕