ភ្នំពេញ ៖ សមាគមភស្តុភារកម្មកម្ពុជា (CLA) បានសង្ឃឹមថា នឹងអាចជោគជ័យក្នុងការដាក់ពាក្យស្នើសុំជំនួយឥតសំណងពីគម្រោងកម្ពុជាហាវែស (HarvestII) តាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) ដើម្បីស្តារផលប៉ះពាល់ទំាងឡាយ នៃផ្នែកភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្ម។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «របាយការណ៍លទ្ធផល និងបញ្ហាប្រឈមផ្នែកភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្ម» នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោក ស៊ិន ចន្ធី ប្រធាន CLA មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា វត្តមានក្រុមហ៊ុនភស្តុភារកម្ម ដែលបានចូលរួមក្នុងថ្ងៃនេះ នឹងអាចជោគជ័យក្នុងការដាក់ពាក្យស្នើសុំ ជំនួយឥតសំណង។ ខ្ញុំរំពឹងទុកថា នឹងអាចស្តារផលប៉ះពាល់ផ្នែកភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្មបាន ដើម្បីឲ្យការនំាចេញទំណេញប្រភេទសាកវប្បកម្មនេះ ទៅកាន់ទីផ្សារក្រៅប្រទេសបានច្រើនជាងមុន និងសំបូរបែប»។

លោកបានជឿជាក់ថា វិស័យសាកវប្បកម្ម និងភស្តុភារកម្មនៅកម្ពុជា នឹងមានការអភិវឌ្ឍន៍ តាមរយៈការស្តារនូវផលបំះពាល់ និងចូលរួមវិនិយោគផ្សេងៗ ដើម្បីជំរុញការនំាចេញឲ្យកាន់តែច្រើន តាមតែអាចធ្វើទៅបាន។ 

លោកបានបន្ដថា CLA ធ្វើការជាចម្បងផ្តោតទៅលើការងារបច្ចេកទេស ក្នុងវិស័យភស្តុភារកម្ម ហើយព្យាយាមដោះស្រាយ នូវកង្វល់ ដូចជា បញ្ហារំាងស្ទះជាច្រើនក្នុងមួយឆ្នំាៗ ដើម្បីស្តារលទ្ធផលឲ្យការដឹកជញ្ជូន មានប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នំា២០២១ CLA បានចូលរួមដោះស្រាយជូនសមាជិក បាន១៦ករណី ដែលកិច្ចការទំាងនោះសុទ្ធសឹងជាការការបច្ចេកទេស ក្នុងវិស័យដឹកជញ្ជូន។

ឆ្លៀតឱកាសនោះដែរ លោក គុយ ហួត អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា គម្រោងកម្ពុជាហាវៃស (Harvest II) គឺជាគម្រោងដែលទទួលការឧបត្ថម្ភនិងគាំទ្រថវិកា ប្រមាណ ២១,២ លានដុល្លារអាមេរិក ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មានរយៈពេល ៥ឆ្នាំ (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០២២) និងមានគោលបំណងជួយជំរុញកំណើនផលិតកម្មដំណាំសាកវប្បកម្ម នៅខេត្តគោលដៅ ចំនួន៤ ដូចជា ៖ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ ព្រមទាំង បណ្តា ខេត្តមួយចំនួនផ្សេងទៀត ដែលមានសក្តានុពលផលិតកម្មដំណាំសាកវប្បកម្ម។

លោកបានបញ្ជាក់ថា គម្រោងនេះ ផ្ដោតសំខាន់ ទៅលើអនុវិស័យ ចំនួន៤ រួមមាន ៖ ដំណាំបន្លែ ស្វាយ មៀនប៉ៃលិន និងស្វាយចន្ទី។ ក្រៅពីការលើកកម្ពស់ ផលិតកម្មដំណាំ គម្រោងក៏ផ្តោតការយកចិត្តទុកដាក់សំខាន់លើការពង្រឹងសមត្ថភាពតួអង្គទីផ្សារ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជំរុញការផ្សារភ្ជាប់ទៅនឹងទីផ្សារក្នុងស្រុក និងទីផ្សារ អន្តរជាតិ។

សូមជម្រាបជូនថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី «របាយការណ៍លទ្ធផល និងបញ្ហាប្រឈមផ្នែកភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្ម» នារសៀលថ្ងៃនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយពីរបាយការណ៍លទ្ធផលដែលក្រុមការងារ SEVEA រៀបចំឡើងក្រោមការដឹកនំារបស់ HarvestII ដែលបានសិក្សាពីផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ទៅលើផ្នែកសាកវប្បកម្ម និងការដឹកជញ្ជូន ហេតុដូច្នេះវត្តមានរបស់ ក្រុមហ៊ុន Logistics ដ៏ច្រើន ក្នុងថ្ងៃនេះ ពិតជាមានសារៈសំខាន់  ដើម្បីទទួលបានព័ត៌មានដ៏មានសារៈប្រយោជន៌ ជាពិសេស គម្រោងជំនួយឥតសំណងរបស់ HarvestII តាមរយៈ USAID  សម្រាប់ប្រជាជនខ្មែរ ដើម្បីស្តារផលប៉ះពាល់ទំាងឡាយផ្នែកភស្តុភារកម្ម ក្នុងវិស័យសាកវប្បកម្ម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ