ភ្នំពេញ  ៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា  សេចក្ដីព្រាងព្រះរាជក្រឹត្យ ថ្មី  ស្ដីពី  ឧកញ៉ា  អាចនឹងមានចែងកំណត់អំពីការផ្ដល់គោរមងារ កំណត់អំពីកាតព្វកិច្ចរបស់ឧកញ៉ា និងលក្ខណ្ឌនៃការសម្រេចដកគោរមងារ។ 

ក្នុងពិធីពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប្រារព្ធនៅសណ្ឋាគារភ្នំពេញ  នាថ្ងៃទី១០  កុម្ភ:  សម្ដេច ស ខេង បានលេីកឡេីងអំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងឧកញ៉ា។ 

សម្ដេចបន្ដថា សម្ដេច  កំពុងដឹកនាំរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីឧកញ៉ា ដែលអាចនឹងបញ្ចប់នៅឆ្នាំ២០២២នេះ។ សម្ដេច  ថា  នៅក្នុងដំណើរការសិក្សារៀបចំសេចក្ដីព្រាងនេះ ក៏នឹងមានការជជែកពិភាក្សារវាងតំណាងរាជរដ្ឋាភិបាលជាមួយនឹងសមាគមឧកញ៉ាផងដែរ។ 

សម្ដេច  មានប្រសាសន៍ថា  «នៅក្នុងការរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យថ្មី អាចនឹងមានចែងកំណត់អំពីការផ្ដល់គោរមងារ ការកំណត់អំពីកាតព្វកិច្ចរបស់ឧកញ៉ា និងលក្ខណ្ឌនៃការសម្រេចដកគោរមងារ ក្នុងន័យដើម្បីលើកតម្កើងតម្លៃនៃគោរមងារជាឧកញ៉ា ហើយថាបន្ទាប់ពីរៀបចំព្រះរាជក្រឹត្យនេះហើយនោះ សមាគមឧកញ៉ាក៏ត្រៀមលក្ខណៈរៀបចំខ្លួនឱ្យបានសមស្របទៅនឹងខ្លឹមសារព្រះរាជក្រឹត្យថ្មីផងដែរ»។

នាឱកាសនោះ  សម្ដេច ស ខេង បានសង្ឃឹមថា  សមាគមសហគ្រាសធនតូច និងមធ្យម  នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងគោលបំណង  ដើម្បីជួយដល់ការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា និងជួយដល់ប្រជាពលរដ្ឋដែលមានគោលបំណងធ្វើការងារពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ