ភ្នំពេញ ៖ លោក អុីវ វាសនា អគ្គលេខាធិការ សមាគមភស្តុភារកម្មកម្ពុជា (CLA) បានថ្លែងប្រកាសថា CLA គឺជាសមាគមមួយឈានមុខគេ ក្នុងចំណោមសមាគមមួយចំនួនតូចទៀត បានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដាររួចរាល់ ស្របតាមច្បាប់របស់ប្រទេសកម្ពុជា ដើម្បីធ្វើការងារឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។

លោក អុីវ វាសនា អគ្គលេខាធិការ CLA បានលើកឡើងបែបនេះ នាឱកាសអញ្ជើញបើកសន្និបាតប្រចាំឆ្នាំលើកទី១៩ និងលើកទិសដៅការងារបន្ដ ប្រចាំឆ្នាំ២០២៣ របស់សមាគម CLA ក្រោមអធិបតីភាព លោកឧកញ្ញ៉ា ស៊ីន ចន្ទី ប្រធានសមាគម CLA នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

លោក អគ្គលេខាធិការ CLA បានលើកឡើងថា ក្នុងឆ្នាំ២០២២ កន្លងទៅ សមាគមបានចុះបញ្ជីនៅពន្ធដារ ហើយការចុះបញ្ជីពន្ធដារនេះ គឺស្របតាមច្បាប់របស់ប្រទេសកម្ពុជាផងដែរ។

លោក អគ្គលេខាធិការ បានបញ្ជាក់ថា «យើងចុះបញ្ជីនៅពន្ធដារនេះ ក៏ជាសមាគមនាំមុខគេមួយ ក្នុងចំណោមសមាគមមួយចំនួនតូចទៀត ដោយសារយើងព្យាយាមគោរពទៅតាមច្បាប់ទាំងអស់ ដែលមានជាធរមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការឱ្យកាន់តែមានប្រសិទ្ធិភាព ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យដឹកជញ្ជូនរបស់ CLA កាន់តែមានភាពទម្ងន់ថែមទៀត»។

លោក បន្ដថា ក្នុងឆ្នាំ២០២២ កន្លងទៅ CLA បានសម្រេចបាននូវការងារជាច្រើន ហើយCLA ក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗថែមទៀត ទៅដល់សមាជិកផងដែរ។

សូមរំលឹកថា សមាគមភស្តុភារកម្មកម្ពុជា (CLA) បានបង្កើតឡើង កាលពីឆ្នាំ២០០៤ ហើយរហូតមកដល់ពេលនេះ មានរយៈពេល ១៩ឆ្នាំមកហើយ ខណៈបច្ចុប្បន្ននេះ សមាគមក៏មានសមាជិក ចំនួន ១៤១ក្រុមហ៊ុន និងសមាជិកអចិន្ត្រៃយ៍ ចំនួន ១៣៦ក្រុមហ៊ុន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ