រាជរដ្ឋាភិបាលកម្ពុជា ៖ ចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ អាចបង្កើនការឆ្លើយតបប្រឆាំងមេរោគ ដែលតា និងប្រភេទបំប្លែងខ្លួនថ្មីៗ ផ្សេងទៀត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ ឬដូសទី៣ អាចបង្កើនភាពឆ្លើយតប នៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។
នេះបើយោងតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ទឡ្ហីករណ៍បែបវិទ្យាសាស្ត្រដែលបានលើកឡើងនៅក្នុងឯកសារ សិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ, កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត»។
រាជរដ្ឋាភិបាល បន្តថា ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេល បានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ ដោយជំងឺកូវីដ-១៩ និងបានបញ្ចៀសកម្ពុជា ពីគ្រោះមហន្តរាយបណ្តាល មកពីជំងឺកូវីដ ព្រមទាំងធ្វើឲ្យសភាពការណ៍ បច្ចុប្បន្ននៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។
រាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា «ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) បាននាំមកនូវបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសារមេរោគ បំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងបានលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ឮធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបាន»៕