ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដាក់ចេញអនុសាសន៍៥ចំណុច ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីបន្ដអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ
ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។
ក្នុងជំនួបនោះ លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ចំនួន៥ចំណុច ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីបន្ដអនុវត្តប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន៖
*ទី១៖ បន្ដដំណើរការងាររបស់ខ្លួនប្រកបដោយនិរន្ដរ៍ភាព ជាមួយការបន្ដពង្រឹងការទទួលខុសត្រូវ សមត្ថភាព គុណភាព និងភាពជាប្រចាំស្របតាមផែនការយុទ្ធសាស្ដ្រដែលបានគ្រោងទុក
*ទី២៖ បន្ដទំនាក់ទំនងល្អដោយបរិយាប័ន្ន និងស័ក្ដសិទ្ធភាព ក្នុងការបម្រើការងារទាំងក្នុងអង្គភាព និងក្រៅអង្គភាព ប្រកបដោយតម្លាភាព ចីរភាព និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការ ពិសេសអភិបាលកិច្ចល្អ ក៏ដូចជាបន្ដកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវផែនការរបស់ក្រសួងមហាផ្ទៃ ព្រមទាំងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧
*ទី៣៖ ថ្នាក់ដឹកនាំក្រសួង មន្ដ្រីរាជការស៉ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឲ្យបានខ្ជាប់ខ្ជួន «កុំពើងទ្រូង កុំក្រអើតក្រទម» និងជំរុញក្រុមការងារទាំងអស់ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត និងប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
*ទី៤៖ សូមថ្នាក់ដឹកនាំតាមផ្នែកអង្គភាពទាំងអស់ នៃក្រសួងមហាផ្ទៃ បង្កើនការយកចិត្ដទុកដាក់ដោះស្រាយបញ្ហា សំណូមពរ ដែលជាការប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានផ្ញើមកដោយផ្ទាល់ ឬតាមរយៈការខំមិន តាមបណ្ដាញសង្គមផ្សេងៗពាក់ព័ន្ធអង្គភាពរបស់ខ្លួន កុំចាត់ទុកថារឿងតូចមិនចាត់ការ រឿងធំបានចាត់ការ។ សូមកុំភ្លេចថា កន្ទុយបារីមួយតូច អាចដុតផ្ទះថ្មដ៏ស្កឹមស្កៃឲ្យរលាយបានដូច្នេះយើងជាសមត្ថកិច្ច ត្រូវតែបន្ដបំពេញបម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត
*ទី៥៖ បន្ដពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យប្រទេសក្នុងតំបន់អាស៊ាន ដូចជា ភូមា វៀតណាម ដែលមានតម្លៃមួយទាប ប្រទេសថៃ និងសិង្ហបុរីជាដើម ដែលមានតម្លៃមធ្យម ប៉ុន្ដែកម្ពុជាតម្លៃហាក់ខ្ពស់ សូមឲ្យអង្គភាពពាក់ព័ន្ធមេត្តាពិនិត្យ ពិចារណា។ ការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម១០០ដុល្លារទេ ហើយមិនបូកបញ្ចូលសេវាលឿននោះទេ៕EB