ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ
កណ្ដាល ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
បើតាមការបញ្ជាក់ពី លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា ជំនួបសំណេះសំណាលនាថ្ងៃនេះ មានកម្មករ និយោជិតចូលរួមសរុប ១៨,២៨៩នាក់។ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះលើសពី៣ខែ ចំនួន ៦២៦នាក់។ លោកបណ្ឌិត ហេង សួរ បានឱ្យដឹងថា កម្មករ និយោជិតដែលមានចំនួនជិត ២ម៉ឺននាក់នេះ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង១៤នេះ មានរោងចក្រកាត់ដេរចំនួន៨, ផលិតស្បែកជើងចំនួន១, តម្បាញចំនួន២ និងបោកគក់សម្លៀកបំពាក់ចំនួន៣។
លោករដ្ឋមន្ត្រី បន្ដថា បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតជាង ១៥ម៉ឺននាក់ ស្រូបទាញបានប្រាក់ឈ្នួលមធ្យមប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕EB