ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈអង្គការNPAប្រចាំកម្ពុជា បានសម្រេចបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាជាងពីរលានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់«គម្រោងបោសសម្អាតមីនមនុស្សធម៌» នៅតាម បណ្តោយព្រំដែនកម្ពុជាថៃ។
ជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង ដែលមានទឹកប្រាក់ចំនួន២.១០០.០០០ លានដុល្លារអាម៉េរិកនេះ គឺបានចុះហត្ថលេខាផ្តល់ និងទទួលដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Rune Dale Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ នៅបញ្ជាការស៊ីម៉ាក់រាជធានីភ្នំពេញ។
លោក ហេង រតនា បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងនេះ គាំទ្រដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដើម្បីគាំទ្រអង្គការNPA និងអង្គភាពស៊ីម៉ាក់ សហការគ្នាក្នុងកិច្ចប្រតិបត្តិការនេះ ហើយគំរោងនេះមានរយៈពេល១៦ខែ ដែលនឹងត្រូវបោសសម្អាតផ្ទៃដី មានបញ្ហាគ្រាប់មីនទំហំចំនួន ១.៦០០ហិចតា ស្ថិតនៅបណ្តាស្រុកនៃខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល «កម្ពុជាគ្មានមីន ឆ្នាំ២០២៥»។ គម្រោងនេះក៏នឹងផ្តល់ការគាំទ្រដល់ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាការងារហ្វឹកហ្វឺនលើវិស័យមីននេះផងដែរ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះកម្ពុជានៅសល់ផ្ទៃដីជាងបួនរយគីឡូម៉ែត្រក្រឡាទៀត ខណៈ លទ្ធភាពរបស់ស៊ីម៉ាក់ធ្វើបាន(បោសសម្អាត)ជាងពីររយគីឡូម៉ែត្រក្រឡាក្នុងមួយឆ្នាំ ដូច្នេះគោលនយោបាយរបស់រាជរដ្ឋាភិបាល «កម្ពុជាគ្មានមីន ឆ្នាំ២០២៥»នឹងសម្រេចជោគជ័យ៕EB