ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានឲ្យដឹងថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) រកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយ ចំនួន ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះ រំខានដល់ជីវភាពប្រចាំថ្ងៃ និងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ន.ទ.ក ណែនាំ ដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ដូចជា ៖

ទី១-បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ។

និងទី២-បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី ន.ទ.ក ។

ក្រសួងប្រៃសណីយ៍ បានបន្ដថា ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក.ប.ទ នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដោយណែនាំឱ្យ ន.ទ.ក បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ