ភ្នំពេញ ៖ យុវតីវ័យ១៥ឆ្នាំម្នាក់ ត្រូវបានឃាតករនិងបក្ខពួក ចាប់រំលោភរួចសម្លាប់យកទ្រព្យសម្បត្តិ ក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតក្នុងវត្តជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ក្រោយទទួលបានព័ត៌មាន លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងនគរបាលជំនាញ ធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ និងបក្ខពួក។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវប៉ុន្មានម៉ោង កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះម្នាក់ជាជនដៃដល់អ្នករំលោភ និងសម្លាប់ និង២នាក់ផ្សេងទៀត ជាអ្នករួមគំនិតសម្លាប់។ ក្រុមជនដៃដល់បានយកថ្នាំងងុយដេកដាក់ចូលភេសជ្ជ: រួចហើយឲ្យយុវតីរងគ្រោះផឹក ព្រោះស្គាល់គ្នាតាំងពីក្មេងៗ បន្ទាប់មកចាប់រំលោភសម្លាប់យកទ្រព្យសម្បត្តិតែម្តង។

លោកបានឲ្យដឹងថា ជនដៃដល់អ្នករំលោភសម្លាប់ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង អាយុ១៨ឆ្នាំ និងអ្នករួមគំនិត២នាក់ទៀត ឈ្មោះ ទៀន ផារ៉ែត អាយុ១៥ឆ្នាំ និងឈ្មោះ បូ ឧត្តម អាយុ១៦ឆ្នាំ។ សម្ភារៈចាប់យក ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន១គ្រឿង (របស់ជនរងគ្រោះ), ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន១គ្រឿង, ខ្សែលីឡុង ពណ៌ស ចំនួន១ខ្សែ, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខភ្នំពេញ1CL-1190 ចំនួន១គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ