កម្ពុជា បាននិងកំពុងចាត់វិធានការលើក្រុមហ៊ុននាំចូលគុយទាវកញ្ចប់បន្លំយកស្លាកសញ្ញា ផលិតផលគុយទាវភ្នំពេញ និង រូបសញ្ញាប្រាសាទអង្គរវត្ត ដែលកំពុងលក់នៅអាមេរិក
ភ្នំពេញ ៖ កម្ពុជាបាននិងកំពុងចាត់វិធានការលើក្រុមហ៊ុននាំចូលគុយទាវក្រៀមកញ្ចប់ ដែលបានយកស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» បន្លំដាក់លើផលិតផលគុយទាវរបស់ពួកគេ ហើយកំពុងដាក់លក់នៅសហរដ្ឋមអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋមេរិក នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ចំណាត់ការលើក្រុមហ៊ុននេះ ធ្វើឡើងបន្ទាប់ពីរកឃើញករណីចែកចាយ នៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។
ស្ថានទូតកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់ពាក្យនិងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំ អំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់៕