ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង បានឆ្លើយតប និងដោះស្រាយ១៨គណនី
ភ្នំពេញ ៖ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុ ក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាខែកក្កដា ឆ្នាំ២០២១នេះ បានឆ្លើយតប និងដោះស្រាយ ចំនួន១៨គណនី។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពរដ្ឋ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃគឺមានចំនួន ៧៣គណនី និង បានឆ្លើយតបនិងដោះស្រាយមានចំនួន ១៨គណនី ក្រៅពីនោះគឺស្ថិតក្នុងដំណាក់កាលកំពុងដំណើរការដោះស្រាយ»។
សម្ដេច បានបញ្ជាក់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ទោះជាត្រូវប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។
សម្ដេច បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន»។
ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានសុំការយល់យោគអធ្យាស្រ័យពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕EB