ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២១នេះ នឹងអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ វ៉ាក់សាំង ដែលបានបញ្ជូនមកដល់កម្ពុជានៅយប់នេះ មានចំនួន១លាន ដូស ជាជំនួយរបស់រដ្ឋាភិ បាលជប៉ុនដល់កម្ពុជាតាមយន្តការខូវ៉ាក់។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១ បានប្រកាសផ្តល់ជំនួយវ៉ាក់សាំង Astra Zeneca ចំនួន១លានដូសដល់កម្ពុជា តាមយន្តការ ខូវ៉ាក់ ។ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាបានឱ្យដឹងថា វ៉ាក់សាំង Astra Zeneca ដែលត្រូវផ្តល់ឱ្យកម្ពុជានេះ គឺជាវ៉ាក់សាំងផលិតក្នុងប្រទេសជប៉ុន ។
បើតាមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mi kami Masahiro) បានបញ្ជាក់ថា វ៉ាក់ សាំងដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់កម្ពុជានៅយប់ថ្ងៃទី២៣ ខែកក្កដា ហើយជំនួយនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងផងដែរ ។
លោកអះអាងថា ក្នុងពេលដែលប្រឈមមុខនឹងការរីករាលដាលនៃ វីរុស Covid-19 បំប្លែងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និង ការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់បំផុត សម្រាប់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ហើយជប៉ុននឹងបន្តកិច្ច សហការ និង ធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid- 19 ដែលជាបញ្ហារបស់ពិភពលោក៕