ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា ចិន ក្លាយជាប្រទេស ឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការ បញ្ជាទិញដោយផ្ទាល់ ជាពិសេស ចិនចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ផងដែរ។

ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង ចំនួន ១០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា «ក្នុងក្របខណ្ឌសកល សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់វ៉ាក់សាំង ដោយមិនប្រកាន់និន្នាការទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេស បាននិងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ»។


សម្ដេចបានបន្ដថា ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ មិនអាចប្រកែកបាន អំពីសន្តានចិត្តមនុស្សធម៌ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសចិន ជាពិសេស ស័ក្ដិសមជាប្រទេសមហាអំណាចមួយ ដែលមានភាពជាអ្នកដឹកនាំច្បាស់លាស់។ សម្ដេចថា សម្រាប់កម្ពុជា ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មិត្តចិន តែងតែនឹករលឹកដល់កម្ពុជា និងខិតខំជួយកម្ពុជាតាមគ្រប់រូបភាព ក្នុងការធានានិរន្តភាពកិច្ចអភិវឌ្ឍសង្គម ដោយឈរលើចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។


នាឱកាសនោះដែរ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងចិនដូសនីមួយៗ ពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត របស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា ហើយប្រទេសចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា។ ទន្ទឹមនឹងនេះ កាកបាទក្រហមចិន និងកាកបាទក្រហមកម្ពុជា តែងរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការចំណងមិត្តភាព។ រាល់ពេលមានគ្រោះធម្មជាតិកើតឡើង ភាគីទាំងពីរបានជួយគ្នាទៅវិញទៅមកយ៉ាងទាន់ពេលវេលា»។

លោកបានបន្ថែមថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិន-កម្ពុជា បានជួយគ្នាទៅវិញទៅមក រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូសម្រាប់សហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុស នៅក្នុងសហគមន៍អន្តរជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ