(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាងសមត្ថភាពរូបវ័ន្ត និងស្ថាប័ន ក្នុងការបង្កើតសុខដុមរមនានៅកន្លែងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី ក្នុងគោលដៅរួមចំណែកក្នុងការអនុវត្តន៍គោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ។

 

អនុស្សរណៈនៃការយោគយល់គ្នាដែលមានរយៈពេល២ឆ្នាំនេះ(២០២១-២០២៣) ត្រូវបានចុះហត្ថលេខារវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរផងដែរ។ 

ឆ្លៀតក្នុងឱ្យកាសនោះ លោក អ៉ិត សំហេង មានប្រសាសន៍លើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀតនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។


លោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ACILSដែលបានខិតខំប្រឹងប្រែងរួមកិច្ចការជាមួយគ្នានាពេលកន្លងមក សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរ។ លោករំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត និងរួមចំណែកក្នុងការលើកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ ជាពិសេសការឆ្លើយតបទៅនឹងស្ថានភាពក្នុងកំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។

សូមរំឭកជូនផងដែរថា កាលពីខែមករា ឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយអង្គការACILS លើការអនុវត្តន៍គោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងសុខដុមរមនានៅកន្លែងការងារ រយៈពេល ៣ឆ្នាំ ។ ក្រោយអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបញ្ចប់សុពលភាព ភាគីទាំងពីរក៏បានចុះហត្ថលេខាងលើកិច្ចសហប្រតិបតិ្តនេះជាមួយគ្នាបន្តទៀត ដែលមានរយៈពេល២ឆ្នាំ។ 


គួរបញ្ជាក់ថា នាពេលកន្លងមក កម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តការផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ តាមរយៈកិច្ចសហការនេះ កម្ពុជាបានខិតខំពង្រឹងការអនុវត្តលក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗរបស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត។ ជាលទ្ធផល កម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញដែលផលិតនៅកម្ពុជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ