រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអង្គការសង្គមស៊ីវិល កុំមានការព្រួយបារម្ភ អំពីការបង្កើតគណ:កម្មការតាមដានវាយតម្លៃ និងលើកសរសើរក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យអង្គការសង្គមស៊ីវិលដែលកំពុងមានការព្រួយបារម្ភអំពី ការបង្កើតគណ:កម្មការ តាមដានវាយតម្លៃ និងលើកសរសើរក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ត្រូវធ្វើការពិនិត្យមើលឡើងវិញនូវតួនាទី ភារកិច្ចរបស់ គណៈកម្មការនេះឱ្យបានច្បាស់លាស់ជាមុនសិន ។
នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ តាមរយៈប្រព័ន្ធវីដេអូ របស់ក្រសួងព័ត៌មាន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលអំពី ការបង្កើតគណ:កម្មការតាមដានវាយតម្លៃនិង លើកសរសើរក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ដោយសារពួកគាត់មិនទាន់យល់ច្បាស់លាស់អំពីតួនាទី ភារកិច្ច របស់គណៈកម្មការនេះ។
លោកក៏បានស្នើឱ្យអង្គការសង្គមស៊ីវិលកុំមានការព្រួយបារម្ភ ហើយត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់អំពី គោលបំណងតួនាទី ភារកិច្ច របស់គណៈកម្មការនេះជាមុនសិន ដើម្បីយល់ដឹងពីបំណងប្រាថ្នាពិតប្រាកដរបស់ក្រសួងព័ត៌មាន ដើម្បីលើក កម្ពស់ឧត្តមប្រយោជន៍ សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ។
នាឱកាសនោះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ដោយឈរលើស្មារតីលើកកម្ពស់ សិទ្ធិសេរីភាពខាងសារព័ត៌មាន និងការការពារផលប្រយោជន៍ ចំពោះអ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរដល់ការអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះឡើង ដោយមានការចូលរួមពីសហព័ន្ធ សមាគម និង ក្លឹបអ្នកសារព័ត៌មានមួយចំនួននៅក្នុងគណៈកម្មការនេះ ដើម្បីផ្ដល់មតិយោបល់នៅក្នុងការវាយតម្លៃ ទៅលើការអនុវត្តន៍ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការសម្តែងការព្រួយ បារម្ភរបស់ក្រុមសង្គមស៊ីវិលទំាងនោះ ពាក់ព័ន្ធទៅនឹងការបង្កើតគណៈកម្មការនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គការសង្គមស៊ីវិល ទាំងនោះ ត្រូវពិនិត្យឱ្យបានយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយ អំពីតួនាទីភារកិច្ចរបស់គណៈកម្មការនេះ៕