ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ៣២៩ករណី ចាប់យកគ្រឿងញៀន ២១៩គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ៨៤៩នាក់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៣២៩ករណី និងចាប់យកគ្រឿងញៀន ចំនួន២១៩គីឡូក្រាម ព្រមទាំង ជនសង្ស័យ ចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួន។
តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ ជាថ្មីទៀត អំពីលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងខែកក្កដា ឆ្នាំ២០២១។ នៅក្នុងរយៈពេល ១ខែនេះ យើងបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២៩ករណី គឺមានការថយចុះ ៤៨ករណី បើធ្វើការប្រៀបធៀបនឹងខែមិថុនា។ បទល្មើសបង្ក្រាបរួមមានៈ ករណីជួញដូរ រក្សាទុក ២៤២ករណី, ករណីប្រើប្រាស់ ៨៤ករណី, ករណីសំយោគ កែច្នៃ ១ករណី និងករណីដាំដុះ ២ករណី»។
សម្ដេច បន្ដថា ពាក់ព័ន្ធនឹងករណីខាលើនេះ មានជនសង្ស័យ ចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួន កើន៤៧នាក់ ស្មើនឹង៥,២ភាគរយ ធៀបនឹងខែមិថុនា ឆ្នាំ២០២១។ ជនសង្ស័យទាំងនោះ ពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុក ៥១០នាក់, ករណីប្រើប្រាស់គ្រឿងញៀន ៣៣១នាក់, ករណីសំយោគ និងកែច្នៃ៥នាក់ និងករណីដាំដុះ៣នាក់។ ជនសង្ស័យទាំងនោះ មានខ្មែរ៧៧៦នាក់ និងជនបរទេស៧៣នាក់។
សម្ដេច បន្ថែមថា ការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់យកគ្រឿងញៀន ចំនួន២១៩គីឡូក្រាម និង៤៦០.៧១ក្រាម។ ថ្វីដ្បិតថា ការបង្ក្រាបបទល្មើសមានការថយចុះធៀបនឹងខែមិថុនា ប៉ុន្តែចំនួនគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាន មានការកើនឡើងដល់ទៅ ៧៣គីឡូក្រាម ដែលស្មើនឹងប្រមាណ ជាង៥០ភាគរយធៀបនឹងខែមុន។
បន្ថែមពីនេះទៀត សម្ដេច ស ខេង បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានរួមសហការគ្នាយ៉ាងល្អ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន៕