ក្រសួងមហាផ្ទៃ ស្នើអភិបាលរាជធានី-ខេត្ត សហការជាមួយ គ.ជ.ប ឱ្យប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវផ្ដល់កិច្ចសហការ ជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការផ្ដល់លិខិតអញ្ជើញ ប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់ឈ្មោះ និងទន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី១២ កញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងផ្ដល់លិខិតអញ្ជើញប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ ឲ្យមកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដើម្បីបម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ត្រូវចូលសហការជាមួយគ្នា។
សម្ដេច បញ្ជាក់ថា «ដើម្បីឲ្យដំណើរការនៃការផ្ដល់លិខិតអញ្ជើញនេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃ សូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការដល់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត និងធ្វើការណែនាំដល់រដ្ឋបាល ឃុំ-សង្កាត់ ឲ្យសម្របសម្រួល សហការ ជាមួយមន្ត្រីបោះឆ្នោតក្នុងការផ្ដល់លិខិតអញ្ជើញនេះ ដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ ដោយត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់ សម្តេចរតជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩»៕