ភ្នំពេញ ៖ បញ្ជីរាយនាមមេធាវី ដែលស្ម័គ្រចិត្តផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំការនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី-ខេត្ត ត្រូវបានលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជូនទៅកាន់ប្រធានសាលាដំបូង រាជធានី-ខេត្ត និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីខេត្ត។ ក្រុមមេធាវីនេះ ដើម្បីចាត់ចែងអនុវត្តបម្រើឲ្យយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត។

ក្នុងលិខិតចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ លោក កើត រិទ្ធ លើកឡើង «ដើម្បីឆ្លើយតបទៅនឹងតម្រូវការមេធាវី សម្រាប់ការពារក្តី នៅក្នុងសំណុំរឿង ដែលច្បាប់តម្រូវឲ្យមានជាកាតព្វកិច្ច ជាពិសេសដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះខាតមេធាវីការពារក្តី នៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត ក្រសួងយុត្តិធម៌ សូមបញ្ជូនបញ្ជីរាយនាមមេធាវី ដែលស្ម័គ្រចិត្តផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំការនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដូចមានតារាងបញ្ជីឈ្មោះ និងលេខទូរស័ព្ទទំនាក់ទំនង ជូនភ្ជាប់មកជាមួយលិខិតនេះ»។

បញ្ជីរាយនាមមេធាវី ដែលស្ម័គ្រចិត្តផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំការនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី-ខេត្ត បង្ហាញថា ក្នុងចំណោមតុលាការសាលាដំបូងរាជធានីខេត្ត ទាំង ២៤ ( ខេត្តកែប មិនមានតុលាការទេ ) គឺសាលាដំបូងរាជធានីភ្នំពេញ មានមេធាវីច្រើនជាងគេ ដល់ទៅ ១៤រូប បន្ទាប់មក គឺនៅតុលាការសាលាដំបូង ខេត្តកណ្តាល មានមេធាវី ១១រូប ហើយមេធាវីតិចជាងគេ មានចំនួន ២រូបៗ នៅតុលាការសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ និងសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តប៉ៃលិន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ