ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសដាក់ដំណើរការ «គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ៥០លានដុល្លារ» ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs) ដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និង CGCC ។

គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន ដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

គម្រោង CFGS របស់ CGCC និងគម្រោង SCFS II របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ខណៈដែលគម្រោង SCFS II មានគោលបំណងកាត់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី។

សូមបញ្ជាក់ថា គម្រោងនេះនឹងជួយឱ្យមានការបញ្ចេញ ឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះ នឹងត្រូវបានចែករំលែកដោយ CGCC រហូតដល់ ៨០%។ CFGS គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ CGCC៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ