ផ្លូវការហើយ ! ក្រសួងសុខាភិបាល ប្រកាសអំពី ការស្លាប់អ្នកជំងឺកូវីដ១៩ ម្នាក់ទៀត អាយុ៧៥ឆ្នាំ នៅមន្ទីរពេទ្យរុស្ស៉ី
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ មីនា ថា «យោងតាមរបាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា រាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃទី ២២ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត»។
ក្រសួងបន្ដថា បុរសវ័យ ៧៥ឆ្នាំខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា គាត់មានអាការហត់ខ្លាំង និងពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាង : រហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣-៤ថ្ងៃមុនចូលដល់មន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយ លើសឈាមផង។
ក្រោយពីការថតសួត បានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមាន ខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើមហើយនៅតែ មិនអាចជួយបាន ហើយគាត់ក៏បានធ្វើមរណកាលទៅ។ សូមបញ្ជាក់ថា បុរសខាងលើនេះ មានតេស្តវិជ្ជមាន វីរុសកូវីដ-១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
ក្រសួងបន្ថែមថា តាមសេចក្តីស្និដ្ឋាន អ្នកជំងឺបានស្លាប់ នៅថ្ងៃទី២២ មីនា ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវី៥-១៩។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ២២មីនា កម្ពុជាមាន ពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤នាក់ហើយ ដោយមាន២នាក់ជាមន្រ្តីប៉ូលីសនៅក្រសួងមហាផ្ទៃ និងស្ត្រីម្នាក់ជាម្តាយតារាចម្រៀងវី ឌីណែត អាយុ៦២ឆ្នាំ ព្រមទាំងលើកនេះជាមន្រ្តីពេទ្យចូលនិវត្តន៍៕