ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយ ករណីឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

គួររំលឹកផងដែរថា នៅចំណុចកប៉ាល់លិចខាងលើ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ បានមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន៣ ប្រភេទ មានដូចជាគ្រាប់AK57 ចំនួន ៣ គីឡូ -គ្រាប់ ៦០ មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១ គ្រាប់ ដែលស្ថិតនៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដោយពេលនោះសមត្ថកិច្ច បានមុជទឹក ជម្រៅ ១៩ ម៉ែត្រ ហើយបានប្រទះឃើញ ទ្រង់ទ្រាយជា ម៉ារីន មួយគ្រឿងផងដែរ។

យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមការងារនេះដឹកនាំ ដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិជាប្រធាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតនិងគ្រាប់មិនទាន់ផ្ទុះ ជាអនុប្រធានអមដោយសមាជិក មកពីក្រសួងស្ថាប័ន ពាក់ព័ន្ធជាច្រើនរូបទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ