ភ្នំពេញ៖ លោក លោក ផាកទ្រីត ម៉ាហ្វី ( Patrick Murphy )ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ កម្ពុជា បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក នឹងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២១ កញ្ញា ដើម្បី ពិភាក្សា លើប្រធានបទពាណិជ្ជកម្ម និងវិនិយោគ ។នេះបើយោងតាម ក្រសួងសាធារណការនិងដឹកជញ្ជួន។

ក្នុងជំនួបពិភាក្សាការងារ រវាង លោក ផាកទ្រីត ម៉ាហ្វី ( Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១១កញ្ញា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជួន បានជម្រាបជូន ភាគីអាមេរិក អំពីសកម្មភាពការងារថ្មីៗ របស់ក្រសួងដែលបានអនុវត្តកន្លងមក រួមមានការចុះពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅច្រកទ្វារព្រំដែន “ព្រៃវល្លិ៍” និងការបើកការចរចា ជាមួយសឹង្ហបុរី ដែលមានក្រុមហ៊ុនពីរ បានចូលរួម គឺ YCH និង Infrastructure Asia (IA) ដើម្បីសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌល ភស្តុភារកម្មភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីក្នុងស្ថានភាព ដែលពិភពលោកកំពុងរាតត្បាតដោយ Covid-19 ក៏ក្រសួងនៅតែបន្តអនុវត្តនូវ ការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំ គ្មានបង្អង់ដៃ ជាក់ស្តែងសកម្មភាព នៃការសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម នៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ទេសរដ្ឋមន្ត្រីបានស្នើ និងលើកទឹកចិត្តឱ្យ មានការចូលរួមផងដែរ ពីក្រុមហ៊ុន សាងសង់ របស់អាមេរិក ក្នុងគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នានានៅកម្ពុជា។ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើង អំពីកំណាត់ផ្លូវជាតិលេខ៤ ដែលបានសាង សង់ក្នុងអំឡុងទសវត្សរ៍ទី៦០ ដែលមានសភាពរឹងមាំ ជាប់បានល្អដល់សព្វថ្ងៃ និងបានស្នើសុំឱ្យបញ្ជូនជំនាញការ មកជួយបណ្តុះបណ្តាល ផ្នែកវិស្វកម្មសំណង់ ស៊ីវិលនៅកម្ពុជា។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានធ្វើការកត់សម្គាល់ និងស្ងើចសរសើរចំពោះ សមិទ្ធិផលនានារបស់ក្រសួង និងទទួលយកទៅពិចារណា សំណើដែលបានលើកឡើង ដើម្បីឈានទៅដល់ ការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យទាំងនេះ។

ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ខែកញ្ញានេះ ត្រូវនឹងប្រធានបទពាណិជ្ជកម្ម និងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ច ការងារនៅកម្ពុជា ពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិកនៅថ្ងៃទី២១ ខែកញ្ញានេះ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ ចំពោះក្រុមប្រឹក្សាធុរកិច្ច និងត្រៀមផ្តល់ នូវកិច្ចសហការដើម្បីឱ្យទស្សនកិច្ចការងារនេះ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ