ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
ភ្នំពេញ ៖ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថាន បានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបំពាក់ឡដុតសំរាមសំណល់រឹង ចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក)។ ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
ក្រោយមានកិច្ចអន្តរាគមន៍ពី ក្រសួងបរិស្ថានកន្លងមក ក្រសួងសង្កេតឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤ បាននិងកំពុងអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានយ៉ាងល្អប្រសើរ រួមមាន៖ ស្រុកបន្ទាយស្រី(ខេត្តសៀមរាប) ក្រុងព្រៃវែងនិងស្រុកស្វាយអន្ទរ(ខេត្តព្រៃវែង) និងស្រុកអូររាំងឪ(ខេត្តត្បូងឃ្មុំ)។ ទន្ទឹមនឹងនេះដែរមាន ក្រុងព្រះសីហនុនិងស្រុកព្រៃនប់(ខេត្តព្រះសីហនុ) ស្រុកអន្លង់វែង(ខេត្តឧត្តរមានជ័យ) ស្រុកស្នួល(ខេត្តក្រចេះ) និងស្រុកពេជ្រាដា(ខេត្តមណ្ឌលគីរី) កំពុងឈានឆ្ពោះទៅរកការ គ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខ។
ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជៀសវាងការបោះសំរាមចោលផ្តេសផ្តាសដែលធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាព និងផាសុកភាពសង្គម៕