ក្រសួងកសិកម្ម ៖ ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី មានគោឈឺ ៦ ៨០៤ករណី ក្នុងនោះ សត្វបានជាសះស្បើយ៦៥% កំពុងឈឺ ៣៥% និងងាប់១%
ភ្នំពេញ ៖ លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដំណើរវិវត្តន៍នៃការរីករាលដាល ជំងឺដុំពកស្បែកគោ/ក្របីជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) ដែលហៅកាត់ថា LSD បានផ្ទុះជាលើកដំបូងនៅឆ្នាំ១៩២៩ នៅប្រទេសស៊ាំប៊ី ហើយបានឆ្លងរាលដាល នៅទ្វីបអាហ្វ្រិកទាំងមូល បន្ទាប់មក មានមជ្ឈឹមបូព៌ា អឺរ៉ុបបែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងត្បូង និងប្រទេសចិន ដែលបង្កកការខូចខាតដ៏ធ្ងន់ធ្ងរ ដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។
លោក វេង សាខុន បានថ្លែងបន្តថា នៅប្រទេសកម្ពុជាបានចាប់ផ្តើមផ្ទុះករណីនៃជំងឺនេះ នៅដើមខែមិថុនា ឆ្នាំ២០២១ ជាដំបូងនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាប់មកដល់ខេត្តជាប់ព្រំដែនថៃមួយចំនួនទៀត។
លោក បានបញ្ជាក់ថា រហូតមកដល់ពេលថ្ងៃទី ២៩ ខែកក្កដានេះ មានករណីគោឈឺចំនួន ៦ ៨០៤ករណី ក្នុងនោះសត្វបានជាសះស្បើយចំនួន៦៥% និងកំពុងឈឺនៅឡើយមាន៣៥% សត្វបានងាប់ចំនួន១% (ភាគច្រើនលើកូនគោ)។ការផ្ទុះនូវជំងឺថ្មីនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចនៃអ្នកចិញ្ចឹមជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ ១៩នាពេលបច្ចុប្បន្ន។
សូមរំលឹកថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease) បង្ករឡើងដោយវីរុសក្នុងគ្រូសារ Poxviridae ក្រុម Capripoxvirus។ វីរុសនេះមានភាពធន់ជាមួយនឹងបរិស្ថាន ហើយអាចរស់បានយូចាប់ពី៣ខែឡើង នៅលើកំណកកមរមាស់លើស្បែកស្ងួតនិងយ៉ាងយូ៦ខែចំពោះស្បែកប្រឡូសប្រឡាស់កខ្វក់៕