ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ការផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការចិញ្ចឹមសត្វយកសាច់ ដូចជា ៖ គោ ក្របី ចៀម និងពពែ ជាសត្វដែលអាចចិញ្ចឹម ក្នុងព្រៃសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច និងអាចចំណេញច្រើន។


យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបរិស្ថាន បានផ្តល់ពូជក្របី ២១៦ក្បាល ,សត្វគោខ្មែរ ចំនួន ១៥៣ក្បាល ,គោពូជកាត់ ចំនួន៦១ក្បាល ,គោបាចំនួន ៦ក្បាល ,ចៀមចំនួន ២៤៧ក្បាល ,ពពែចំនួន២៦៧ក្បាល  និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល រួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិ ចំនួន៣ នៅក្នុងខេត្តព្រះវិហារ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក) បញ្ជាការដ្ឋាននៃយោធភូមិភាគ១ កងយោធពលខេមរភូមិន្ទ និងកសិដ្ឋានប្រជាពលរដ្ឋចិញ្ចឹមសត្វនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ផងដែរ។


លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមកក្រសួងចាត់ទុកថា ការចិញ្ចឹមសត្វ មិនត្រឹមតែចូលរួមការពារបរិស្ថា ននិងព្រៃឈើ គឺបានចូលរួមចលនាដល់សហគមន៍មូលដ្ឋាន មានចំណូលខ្ពស់ មានជីវភាពធូរធារនិងចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។


សូមបញ្ជាក់ថា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ចាប់ពីឆ្នាំ២០១៧ ដល់២០២០ ក្រសួងបរិស្ថាន ក៏បានផ្តល់ទុនដោយឡែក ដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិចំនួន ៣២សហគមន៍ ដែលក្នុងនោះ មានសមាជិកសហគមន៍ចំនួន ៩៥០ គ្រួសារ ដែលគ្រួសារចំនួន ៣១៧គ្រួសារ ទទួលបានពូជគោចំនួន ពី១-៣ក្បាលក្នុងមួយគ្រួសារ គ្រួសារចំនួន២២០គ្រួសារ ទទួលបានពូជជ្រូកឦសាន ៣ក្បាលក្នុ ងមួយគ្រួសារ គ្រួសារចំនួន៣៦៨គ្រួសារ ទទួលបានមាន់ពី១៥-៤០ក្បាលក្នុងមួយគ្រួសារ។ គ្រួសារទាំងអស់នោះ បានផ្តល់ផលសត្វទៅដល់សមាជិកសហគមន៍ផ្សេងទៀត ដើម្បីពង្រឹងងជីវភាពជាបន្តបន្ទាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ