អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្កោលទោសចំពោះការចោទប្រកាន់មកលើកងកម្លាំងនគរបាលជាតិថា ជាចោរដ៏សាហាវ និងជាមេខ្លោងធំ នៃអំពើជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធ និងថ្កោលទោសចំពោះការចោទប្រកាន់ទាំងបំពានមកលើកងកម្លាំង នគរបាលជាតិថាជាចោរដ៏សាហាវ និងជាមេខ្លោងធំនៃអំពើជួញដូរគ្រឿងញៀន។
ការចេញបដិសេធនេះធ្វើឡើងបន្ទាប់ពីពេលនាពេលថ្មីៗនេះ មានគេហរទំព័រហ្វេសប៊ុក IMan-KH របស់ឈ្មោះ ណាក់ បានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិត មានចរិតមួលបង្កាច់ បរិហារកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ពាក់ព័ន្ធដល់ការបង្ក្រាប និងការចាប់យកសារធាតុញៀន ជាពិសេសចោទប្រកាន់ថាយកសារធាតុផ្សេងៗមកដុតបំផ្លាញក្លែងបន្លំជាសារធាតុញៀន។ លើសពីនេះទៅទៀត ក៏បានចោទប្រកាន់ទាំងបំពានមកលើកងកម្លាំងនគរបាលជាតិថាជាចោរដ៏សាហាវ និងជាមេខ្លោងធំនៃអំពើជួញដូរគ្រឿងញៀនទៀតផង។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តថា ខ្លឹមសារដែលបានបង្ហោះផ្សព្វផ្សាយខាងលើនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាម្ចាស់ទំព័រហ្វេសប៊ុក IMan-KH របស់ឈ្មោះ ណាក់ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការវាយ ប្រហារបំផ្លាញកិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ក្នុងគោលដៅលាបពណ៌ ញុះញង់ ធ្វើឱ្យសាធារណជនមានការភន្ត័ច្រឡំ អស់ជំនឿ បាត់បង់ភាពកក់ក្តៅ និងរើសអើងចំពោះកងកម្លាំង នគរបាលជាតិ។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញបដិសេធ និងថ្កោលទោសចំពោះទង្វើអសីលធម៌ គ្មានវិចារណញ្ញាណ ដែលបានប្រព្រឹត្តហួសព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់បុគ្គល ណាក់ និងតម្រូវឱ្យបុគ្គលរូបនេះធ្វើការសុំទោសជាសាធារណៈនូវរាល់កំហុសឆ្គង ដែលបានចោទប្រកាន់ប្រមាថដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕EB