ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំ ទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសថ្នាក់ក្រោមជាតិ ត្រូវចាំបាច់ ពង្រឹងការទប់ស្កាត់ នូវរាល់បាតុភាព រួមទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើង ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថិតនៅអគារទីស្តីការក្រសួងមហាផ្ទៃថ្មី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមគូសរំលេច នូវគោលនយោបាយ និងទិសដៅការងារមួយចំនួន ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បាននឹងកំពុងយកចិត្តទុកដាក់ ហើយមានឧបនិស្ស័យពាក់ព័ន្ធ ទៅនឹងក្រសួងមហាផ្ទៃ ជាក់ស្តែងវិធានការគន្លឹះមួយ នៅក្នុងវិធានការគន្លឹះ៥ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺការពង្រឹងការអនុវត្ត គោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលផ្តោតយកចិត្តទុកដាក់ ជាពិសេស ទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន»។

សម្តេចធិបតី សង្កត់ធ្ងន់ថា «ជាក់ស្តែង ក្រសួងមហាផ្ទៃ ចាំបាច់ត្រូវពង្រឹងការទប់ស្កាត់ នូវរាល់បាតុភាព រួមទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ចាំបាច់ត្រូវចូលរួម ផ្តល់សេវាយុត្តិធម៌ក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ»។

ក្នុងនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើង ពីកិច្ចការងារមួយចំនួន ដែលជាស្នាដៃរបស់កងកម្លាំង ដែលបានចាត់វិធានការជាច្រើន ជាបន្តបន្ទាប់ទាក់ទងទៅនឹងការបង្ក្រាប ទីតាំងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន ។

សម្តេចធិបតី មានប្រសាសន៍ថា "កិច្ចការងារនេះនៅច្រើន វាទាមទារឲ្យយើងត្រូវបន្ត ឥតឈប់ឈរ ហើយខិតខំ រិះរកមធ្យោបាយ រួមសហការគ្នា ដើម្បីទប់ទល់ទៅលើបញ្ហានេះបន្តទៀត ព្រោះកិច្ចការងារនេះ វាពាក់ព័ន្ធផ្ទាល់ជាមួយនឹងយើងតែម្តង ពាក់ព័ន្ធទៅនឹងមូលដ្ឋាន នៅជុំវិញកន្លែងបរិស្ថាន ដែលយើងត្រូវរស់នៅ បរិស្ថានដែលកូនចៅយើងត្រូវទៅរៀន ត្រូវទៅប្រកបរបរ ដូច្នេះកិច្ចការងារនេះ គឺសុំបន្ត យើងរួមគ្នាដើម្បីធ្វើកិច្ចការងារទៀត"៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ