ភ្នំពេញ ៖ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ដោយគ្រោងចំណាយថវិកា ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារអាមេរិក។

នាទី២៣ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។


ជាងនេះទៅទៀត គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារអាមេរិក ក្នុងនោះ តម្លៃគម្រោងសាងសង់ចំនួន ៥៩ ១៤៦ ៧៤១,៥៣ ដុល្លារអាមេរិក តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន៦ ០០០ ០០០ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣ ២៥២ ០០០ ដុល្លារអាមេរិកសម្រាប់ការងារដោះស្រាយផល ប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ សាងសង់ដោយ ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL  Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។ 

ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា។ តាមបណ្តោយផ្លូវជាតិលេខ៤៨នេះមានតំបន់សេដ្ឋកិច្ច ពិសេស(SEZ) ចំនួន០៤កន្លែង៖ ១). តំបន់សេដ្ឋកិច្ចពិសេសកោះកុង(Koh Kong SEZ) ២). តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) ៣). តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និង៤). តំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរ ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ