ភ្នំពេញ ៖ លោក វ៉ា សុភ័ក្ដ្រ ប្រធានការិយាល័យជំងឺអេដស៍ និងជំងឺឆ្លង នៃកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា កាកបាទក្រហមកម្ពុជា បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកសម្រេចនូវទិសដៅ នៃផែនទីចង្អុលផ្លូវស្តីពី បញ្ចប់បញ្ហាជំងឺអេដស៍នៅកម្ពុជា និងបញ្ចប់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្ដាយទៅកូន នាឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ កាកបាទក្រហមកម្ពុជា។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៨ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ា សុភ័ក្ត្រ បានថ្លែងថា ទោះបីមានបញ្ហាប្រឈមបង្កដោយ ជំងឺកូវីដ-១៩ក៏ដោយ ក៏សមាគមជាតិនៅអាស៊ី នៅតែបន្តការងារសហប្រតិបត្តិការ និងរក្សាបានការផ្តល់សេវាជួយដល់ពលករចំណាកស្រុកដែលផ្ទុកមេរោគអេដស៍ ហើយដែលត្រូវការឳសថប្រឆាំង មេរោគអេដស៍។


លោក បានបន្ដថា បណ្តាញការងារនេះ បានជួយដល់ពលករចំណាកស្រុកទាំងនោះ ឱ្យទទួលបានផងដែរនូវសេវា ថែទាំសុខភាពនៅតាមតំបន់ព្រំដែន នៃប្រទេស កម្ពុជា ឡាវ ថៃ ហើយដែលប្រតិបត្តិការទាំងនេះ ទទួលបានការ ឧបត្ថម្ភគាំទ្រពីកាកបាទក្រហមអ៊ីតាលី តាមរយៈសហព័ន្ធអន្តរជាតិ។ ទន្ទឹមនឹងនេះ បណ្តាញការងារអេដស៍នៅ អាស៊ី ក៏បានលើកទឹកចិត្តដល់សមាគមជាតិនីមួយៗ ឱ្យចូលរួមយ៉ាងសកម្មនៅក្នុងការប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ស្របទៅតាមប្រធានបទនៃឆ្នាំនីមួយៗ។

លោក បានបន្ថែមថា ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ បណ្តាញ ការងារអេដស៍ បានជំរុញឱ្យសមាគមជាតិនីមួយៗ ដាក់បញ្ចូលសកម្មភាពអប់រំផ្សព្វផ្សាយពីជំងឺកូវីដ-១៩ និងការរស់នៅធម្មតាតាមបែបគន្លងថ្មី ទៅក្នុងគ្រប់សកម្មភាពការងារអេដស៍។


លោក បានបញ្ជាក់ថា «ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានប្តេជ្ញាខិតខំបន្តកិច្ច សហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងពង្រឹងភាពជាដៃគូចម្រុះវិស័យ ដើម្បីរួមចំណែកសម្រេចបាននូវ ទិសដៅនៃផែនទីចង្អុលផ្លូវស្តីពីការបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា នៅឆ្នាំ២០២៥ និងបញ្ចប់ការចម្លងមេរោគ អេដស៍ និងស្វាយពីម្ដាយទៅកូននៅឆ្នាំ២០២៥ដែរ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ