ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែងថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនបានសាងសង់រួចរាល់ ១០០% ហើយ ខណៈពិធីប្រគល់ និងទទួលសមិទ្ធផលប្រវត្តិសាស្ដ្រនេះ គ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១ ខាងមុខ។

ការថ្លែងរបស់អគ្គលេខាធិការ CAMSOC ខាងលើ បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីចុះពិនិត្យស្ថានភាពមួយចំនួន នៃការត្រៀមរៀបចំការបោះជំរំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃនៅថ្ងៃទី១៩ ខែសីហានេះ។


រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ក្រោយដើរពិនិត្យជុំវិញអស់ហើយឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោ មានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ដោយមានការរៀបចំតាមលំដាប់លំដោយ មានសណ្ដាប់ធ្នាប់ល្អគ្រប់កន្លែង ទាំងបន្ទប់ កន្លែងបច្ចេកទេស និងកន្លែងផ្សេងៗទៀត បានបែងចែកត្រឹមត្រូវ សូម្បីច្រកចេញ-ចូល ពោលគឺត្រូវនឹងស្ដង់ដារពហុកីឡដ្ឋានជាតិអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិខ្ពស់បំផុត។

លោកថា «ជាទូទៅពិនិត្យឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោពេលនេះ គឺចប់សព្វគ្រប់ ១០០% ហើយ ដូចយើងដើរមើល គឺនៅតែការតុបតែង កែលម្អតិចតួចប៉ុណ្ណោះ ព្រោះធម្មតាសំណង់ធំស្កឹមស្កៃបែបនេះ យើងត្រូវការជួសជុលតិចតួចបន្ថែម ប៉ុន្ដែជារួម សំណង់ទូទៅ ទីលានទូទៅ បន្ទប់ទូទៅ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក គឺរួចអស់ហើយ។ យើងកំពុងតែពិនិត្យមើលលទ្ធភាព និងពេលវេលា ហើយខាងក្រុមហ៊ុនសាងសង់ចិន ក៏បានដកកម្មករជំនាញទៅវិញបណ្ដើរៗ ហើយត្រៀមរៀបចំបណ្ដុះបណ្ដាលកម្មករខ្មែរ ជំនាញការខ្មែរ និងវិស្វករខ្មែរ កំពុងរៀបចំបណ្ដើរៗ រហូតដល់ថ្ងៃប្រគល់ និងទទួល ដែលតាមគម្រោង អាចក្នុងខែតុលា»។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ