សម្ដេចតេជោ ហ៊ុន សែន ៖ ទំនាក់ទំនងរវាង កម្ពុជា-ហុងគ្រី គឺផ្អែកលើការជឿទុកចិត្តគ្នា និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ
ភ្នំពេញ ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទំនាក់ទំនងមិត្តភាព កម្ពុជា-ហុងគ្រី គឺផ្អែកលើការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាដើម។
យោងតាមលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនចំពោះលោក Viktor Orbán នាយករដ្ឋមន្រ្ដីនៃប្រទេសហុងគ្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា និងហុងគ្រី ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា «ទំនាក់ទំនងមិត្តភាពកម្ពុជា និងហុងគ្រី គឺផ្អែកលើការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ។ ប្រទេសយើងទាំងពីរមានការយល់ឃើញរួមចំពោះបញ្ហាប្រឈមដែលសហគមន៍ អន្តរជាតិកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ និងតែងបានផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកក្នុង វេទិកាផ្សេងៗ»។
សម្ដេចតេជោ បានបន្ដថា ពេលកន្លងមកថ្មីៗ ការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន សបញ្ជាក់ឱ្យឃើញអំពីសញ្ញាណនៃការជឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក ដែលពិតជាបានឆ្លុះ បញ្ចាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
សម្ដេចតេជោ បានបន្ថែមថា សម្ដេចត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Viktor Orbán ដើម្បីបន្តពង្រឹងកិច្ច សហប្រតិបត្តិការរបស់យើងក្នុងវិស័យផ្សេងៗ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ៕EB