សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអញ្ជើញចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់យាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
ក្នុងឱកាស ព្រះរាជអវត្តមាន របស់ព្រះអង្គនៅក្នុងប្រទេសកម្ពុជានេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រគល់ភារកិច្ចជូន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយព្រះអង្គបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះ ព្រះរាជសុខភាព របស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។ ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងតែយាង ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំចំនួនពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ៕EB