សម្ដេចធិបតី ៖ អ្វីជាមោទនភាពរបស់កម្ពុជា មិនត្រឹមខំប្រឹងដោះមីនដោយខ្លួនឯងនោះទេ ប៉ុន្ដែបានចេញទៅដោះមីន តាមបណ្ដាប្រទេសជាច្រើន
កំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា មិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះ ក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន តាមបណ្ដាប្រទេសនានាជាច្រើន។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យឱ្យប្រើប្រាស់ជាផ្លូវការ «អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន» នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោស សម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃ ក្រោមឆត្រអង្គការសហប្រជាជាតិថែមទៀត។
សម្ដេច គូសបញ្ជាក់ថា «អ្វីជាមោទនភាពរបស់កម្ពុជា មិនត្រឹមតែខំប្រឹងដោះ (ដោះមីន) ខ្លួនឯងនោះទេ ប៉ុន្ដែយើងបានចេញទៅជួយដោះ នៅតាមបណ្ដាប្រទេសជាច្រើននៅក្រោមឆត្រអង្គការសហប្រជាជាតិ»។
សម្ដេច បន្ដថា សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះផ្សេងទៀតជាមួយ កន្លែង ខ្លះដាក់មានរយៈពេលយូរ និងធ្វើឲ្យខូចរូបរាងដើមជាដើម៕EB