សមត្ថកិច្ចបង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានស្ទាក់បង្ក្រាបរថយន្តមួយគ្រឿង ដែលដឹក សត្វ គ្រួច ចំនួន៥០កេស ទម្ងន់១តោនកន្លះ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដឹកពីប្រទេសវៀតណាម ។
សមត្ថកិច្ច បានបង្ក្រាបបទល្មើស នេះ នៅចំណុចជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ , ក្រុមការងារ បានចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខកំពត 3A-0970 ដឹកសត្វគ្រួច ចំនួន៥០កេសស្មើនឹង១,៥០០គីឡូក្រាម ។
រថយន្តមួយនេះ បានដឹកចេញមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ពីក្រសួងកសិកម្ម នោះទេ ។បច្ចុប្បន្ន ក្រុមការងារបាននាំយកវត្ថុតាង ខាងលើនេះ ទៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕SP