ក្រសួងការងារ ប្រកាសផាកពិន័យលើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផាកពិន័យលើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាល។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាព សាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារតម្រូវឱ្យពលករទាំងអស់អនុវត្ត ដូចខាងក្រោម៖
ទី១-មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ចំពោះ អាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លង ចូលមកប្រទេសកម្ពុជា។
ទី២-ករណីត្រូវចូលមកប្រទេសកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាក ពិន័យចំនួន ១ ០០០ ០០០រៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិ ព្រហ្មទណ្ឌជាធរមាន។
និងទី៣-សហការផ្តល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ពាក់ព័ន្ធនឹងមេខ្យល់ដែល សន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់ ប្រទេសកម្ពុជា៕EB