អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះកម្រិតទឹកភ្លៀងខ្លាំង
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះកម្រិតទឹកភ្លៀងខ្លាំង នាពេលនេះ។
យោងតាមគេហទំព័រហ្វេស ប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ បានសរសេរ ថា “គិតត្រឹមយប់នេះ កម្រិតទឹកភ្លៀងមានកម្ពស់ ២៧៥មីលីម៉ែត្រ ពីកម្រិតបង្គួរទៅខ្លាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់"។
សូមជម្រាបជូនថា តាមព័ត៌មានទទួលបានថា នៅលេីផ្លូវមិត្តភាព ឮ(ផ្លូវ លេខ៨០០) អូរ៥ ក្នុងភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានមនុស្សប្រុសម្នាក់(មិនស្គាល់អត្តសញ្ញាណ)បានកំពុងជិះម៉ូតូកាត់ទឹក ក៏ត្រូវបានទឹកហូរធ្វេីឲ្យដួលម៉ូតូ ទាំងមនុស្ស និងម៉ូតូត្រូវបានទឹកហូរទម្លាក់ទៅក្នុងប្រឡាយអូរ៥ បាត់ខ្លួន ។
ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ ក៏ដូចជាចុះជួយអន្តរាគមន៍នៅតាមតំបន់ទទួលរងការលិចលង់ ។
សូមរំលឹកថា ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹង នៅរយៈពេលនេះនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងតាមតំបន់ និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕EB