ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាឱ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ចំពោះ មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានប្រើហិង្សាលើអ្នកជិះម៉ូតូមិនគោរពច្បាប់កាលពីយប់មិញ។
យោងតាមការចេញផ្សាយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីដែលបានកើតឡើង នៅយប់ថ្ងៃទី៨ កញ្ញា នៅខណ្ឌ៧មករា ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
ទី១-មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច ។
ទី២-សមត្ថកិច្ចនឹងឱ្យមន្ត្រីបង្ក ជួបជាមួយក្រុមគ្រួសារជនរងគ្រោះចរចារគ្នារឿងសំណង ថ្លៃព្យាបាល បើជនរងគ្រោះមិនសុខចិត្ត សមត្ថកិច្ចនឹងអនុវត្តបន្តដោយក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ទី៣-ប្រសិនបើជនរងគ្រោះចរាចរត្រូវគ្នាបញ្ចប់រឿងត្រឹមសំណង មន្ត្រីនោះក៏នៅតែត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ ។
និងទី៤-ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ ៕