ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសម្ដែងការហួសចិត្តចំពោះបុគ្គលមួយចំនួន ដែលបានប្រព្រឹត្តបទល្មើសច្រើនពេកទៅ ហើយគេចមិនរួចពីសំណាញ់ច្បាប់ បែរជានាំគ្នារិះគន់និងទាមទាឲ្យលុបច្បាប់ចោលទៅវិញ។

លោក ជិន ម៉ាលីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២២ ខែវិច្ឆិកានេះ ថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាពនៃការបញ្ចេញមតិនោះទេ ព្រោះសេរីភាពនៃការបញ្ចេញមតិមិនមែន ជាសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស បំភ្លៃ បំពានដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សណ្តាប់ឆ្នាប់សាធារណៈ និងសន្តិសុខសង្គមនោះទេ។ បទញុះញង់ដូចគ្នានេះ ក៏មានបញ្ញតិ្តនៅក្នុងច្បាប់ព្រហ្មទណ្ឌនៃបណ្តាប្រទេសជឿនលឿននិងប្រជាធិបតេយ្យដ៏ទៃទៀតផងដែរ។

លោកបន្តថា «ការរៀបចំឲ្យមានបញ្ញត្តិប្រភេទបទល្មើសច្រើនក្នុងក្រមព្រហ្មទណ្ឌ គឺដើម្បីការពារថែរក្សាសិទ្ធិសេរីភាពបុគ្គល និងសណ្តាប់ឆ្នាប់សាធារណៈ ឆ្លើយតបទៅនឹងការវិវឌ្ឍលើគ្រប់វិស័យនិងទិដ្ឋភាពសង្គម។ ការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាននិងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពបុគ្គល»។

លោកក៏បានអំពាវនាវថា «ក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវ និងបើមិនចង់ប្រឈមមុខតាមផ្លូវច្បាប់ទៀត ពួកគេគួរតែឈប់ធ្វើសកម្មភាពដែលជាអំពើល្មើសច្បាប់ក្រោមរូបភាព និងលេសនៃសេរីភាពមញ្ចេញមតិ ជាជាងការនាំគ្នារិះគន់និងទាមទាឲ្យមានការកែប្រែឬលុបចោលបញ្ញត្តិនៃច្បាប់នេះ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ