ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា គណបក្សបេះដូងជាតិ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ស្របតាមច្បាប់ ស្ដីពីគណបក្សនយោបាយ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា សំណុំឯកសារសុំចុះបញ្ជីរបស់ គណបក្សបេះដូងជាតិ មិនទាន់មានលក្ខណៈ គ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពី គណបក្សនយោបាយ។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ ទទួលរួចហើយនូវពាក្យសុំចុះបញ្ជី គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា សំណុំឯកសារសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយសារពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួន រួមមាន ៖ ទី១-សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន ,ទី២-គោលនយោបាយ និងកម្មវិធីនយោបាយ សំខាន់ៗរបស់គណបក្ស និងទី៣-ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិក ចំនួន៣នាក់យ៉ាងតិច។
ទន្ទឹមនេះ លក្ខន្តិកៈរបស់គណបក្សបានកំណត់កាលបរិច្ឆេទ នៃការបង្កើតគណបក្ស គឺជាន់លើថ្ងៃបុណ្យទិវាពលកម្ម អន្តរជាតិ (១-ឧសភា) និងបានចែងនូវខ្លឹមសារចំណុចសំខាន់ៗ មានលក្ខណៈច្របូកច្របល់ ដោយរៀបចំ ឡើងពុំស្របតាមបញ្ញត្តិមាត្រា១០ និងមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងមានកំហុស អក្ខរាវិរុទ្ធជាច្រើនផងដែរ៕