ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវផ្សព្វផ្សាយពីនីតិវិធីនៃការដកពិន្ទុបណ្ណបើក បរ និងប្រឡងបំពេញពិន្ទុឡើងវិញ ខណៈកម្មវិធីនេះនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់ ដើមឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំរាយការណ៍វឌ្ឍនភាពការងារ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកជូន  សម្តេចក្រឡាហោម ស ខេង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងអំពីគំនិតផ្តួចផ្តើម ក្នុងការរៀបចំកម្មវិធីដកពិន្ទុ បណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក  និងដំណើរការរៀបចំប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញ សម្រាប់បណ្ណបើកបរ ដែលនឹងត្រូវអនុវត្តនៅ៥ឆ្នាំ ក្រោយពីវិសោធនកម្មច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ចូលជាធរមាន។

លោក បន្ដថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឲ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

 

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំ សម្តេចក្រឡាហោម ពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងលើកម្មវិធីនេះ មុននឹងចាប់ផ្តើមបណ្តុះបណ្តាលកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកជូន មន្ត្រីនគរបាលចរាចរណ៍ នៅខែសីហា ឆ្នាំ២០២១ និងដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយជូនសាធារណជននៅខែកញ្ញា ឆ្នាំ២០២១។ ក្រសួងសាធារណការ ត្រៀមនឹងប្រគល់ទទួលឧបករណ៍ ដកពិន្ទុ និងពិន័យរួមគ្នា ចំនួន៥០០គ្រឿង ជូនអគ្គស្នងការនគរបាលជាតិ ហើយកម្មវិធីនេះ នឹងត្រូវសម្ពោធដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។ 

ជាងការឆ្លើយតប សម្ដេច ស ខេង បានគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមនេះ ហើយសម្តេចក៏ស្នើពន្លឿនលើខ្លឹមសារប្រការអន្តរក្រសួង ដែលបានព្រាងរួចរាល់ និងឯកភាពក្នុងកម្រិតបច្ចេកទេស។

 

សម្ដេច មានប្រសាសន៍ថា «ស្នើឱ្យក្រសួងសូមឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការផ្សព្វផ្សាយ ពន្យល់ណែនាំពីនីតិវិធីនៃការកាត់ពិន្ទុ និងប្រឡងបំពេញពិន្ទុឡើងវិញជូនសាធារណជន ដែលត្រូវអនុវត្ត ត្រួតពិនិត្យ និងផាកពិន័យ»។ 

សម្តេច ក៏បានអរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនេះឡើង និងជំរុញឲ្យរៀបចំអនុវត្តតាមផែនការ ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ដែលខាតបង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ