សម្តេចតេជោ ផ្តល់ថវិកា ២ម៉ឺនដុល្លារ និងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរ ដល់កីឡាករ Thiago Teixeira
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន២០,០០០ដុល្លារ ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល។
ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago។
រឿងហេតុដកខ្សែក្រវាត់ និងហាម Thiago មិនឱ្យប្រកួតព្រឹត្តិការណ៍ WMO។
លោក Garry Barret អ្នករៀបចំកម្មវិធីប្រដាល់ APEX Fighte Series ដែលផ្គូរផ្គងការប្រកួតដណ្តើមខ្សែក្រវាត់ WMO រៀងរាល់១ឆ្នាំម្តងនៅសង្វៀន LKH Arena ប្រទេសអាល្លឺម៉ង់ បានកំណត់យកកីឡាករដែលស្ថិតនៅក្នុងចំណុះសមាគមម៉ឺយថៃពិភពលោកតែប៉ុណ្ណោះ (World Muaythai Organization)។ ហើយចំពោះកីឡាករ Thiago Teixeira គាត់គឺមកពីក្លិបប្រដាល់ Super8 Muaythai នៅកោះសាម៊ុយ ប្រទេសថៃ ដែលជាក្លិបប្រដាល់មួយស្ថិតក្នុងចំណុះសមាគមម៉ឺយថៃ។
ស្ថាប័ន WMO បានចុះបញ្ជីក្នុងសមាគមប្រដាល់ម៉ឺយថៃកាលពីឆ្នាំ២០១១ ស្របពេលសមាគមប្រដាល់ថៃនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣ ដោយមានលោក ឆៃណាវុត សិរីសាំផាន់ ជាប្រធាន លោក អារុណ សិរីសាំផាន់ ជាអនុប្រធាន និងលោកស្រី ចេដ សិរីសាំផាន់ ជាអគ្គលេខាធិការ។ ម៉ឺយថៃ បានប្រកាស និងផ្សព្វផ្សាយទៅកាន់ពិភពលោកជាង៥០ប្រទេស ដោយក្នុងនោះបានចូលជាសមាជិកពេញលេញ ៥០ប្រទេស នៅលើពិភពលោក៕