ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ និងភាពពេញចិត្តសម្រាប់ភ្ញៀវទេសចរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រៃពៃណីជាតិ នឹងប្រារព្ធឡើងនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ក្រសួងទេសចរណ៍ បានឱ្យដឹងថា រាល់តម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យច្បាស់ដាក់ក្នុងតារាង ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ ក្នុងករណីម្ចាស់អាជីវកម្ម មិនបិទផ្សាយ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

តាមសារាចរណ៍ណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២០ មីនា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានណែនាំដល់មន្អីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទម្លាប់ប្រពៃណី។ ដោយឡែក មន្ទីរទេសចរណ៍ខេត្តសៀមរាបត្រូវខិតខំសហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមស្មារតីទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា «ត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់តម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដោយដាក់ភាសាខ្មែរនៅខាងលើ និងភាសាបរទេសនៅខាងក្រោម ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន និងជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

លោករដ្ឋមន្ដ្រី ថោង ខុន បានលើកឡើងទៀតថា ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើការណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរតាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអំពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យ ដោយខិតខំលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗ ជាពិសេសការបញ្ឈប់ការបោះចោលក្រដាសជូតមាត់ក្រៅធុង ឬក្រៅកន្ត្រកសំរាម និងត្រូវចាត់វិធានការតាមគ្រប់រូបភាព ដើម្បីធានាឱ្យបានអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឱ្យបានសមរម្យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ