ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា នឹងបន្តផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងទាក់ទាញធុរកិច្ចវិនិយោគគិនអាមេរិក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។

ឯកអគ្គរដ្ឋទូតអាមេរិក លើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ។

លោក ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីគោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីអនុវត្តជាអាទិភាព របស់កម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាល ។ ដើម្បីបន្ត សម្របសម្រួលទាក់ទាញវិនិយោគអាមេរិកបន្ថែមទៀត, កិច្ចពិភាក្សាបានផ្តោតលើការអនុវត្តគម្រោងរវាងរដ្ឋ និងឯកជន, កសិកម្ម, ទេសចរណ៍, អប់រំ, ពន្ធដារ និងការប្រឆាំងការជួញដូរមនុស្សជាដើម។

ឯកអគ្គរដ្ឋទូតអាមេរិក បានកត់សម្គាល់ថា សហរដ្ឋអាមេរិក បានពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងកសិកម្ម ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីដែលបានរួមចំណែកក្នុងការរក្សាស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចកម្ពុជា ជាមួយតំបន់ និងពិភពលោក។

ឯកអគ្គរដ្ឋទូតអាមេរិក គូសបញ្ជាក់ថា «សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំមួយរបស់កម្ពុជា លើផលិតផលកម្ពុជាចម្បងៗ ដូចជា ៖ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ជាដើម។ សហអាមេរិក នឹងបន្តផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងទាក់ទាញធុរកិច្ចវិនិយោគគិនអាមេរិក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ