ភ្នំពេញ ៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជា ប្តេជ្ញាចិត្តឥតងាករេ ដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-វៀតណាម តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង»។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម នាថ្ងៃទី២១ ធ្នូ សម្ដេច សាយ ឈុំ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុ ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់។

សម្ដេច មានប្រសាសន៍ថា «ប្រទេសកម្ពុជា បានប្តេជ្ញាចិត្តឥតងាករេដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង»។

នាឱកាសនោះ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋរដ្ឋវៀតណាម បានថ្លែងថា  ប្រជាជន និងប្រទេសទាំងពីរ បានប្រគៀកស្មា និងសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីរួមគ្នាតស៊ូជាមួយពួកចក្រពត្តិ។ លោកថា តាំងពីពេលមុនរហូតមកដល់ពេលបច្ចុប្បន្ននេះប្រទេសទាំងពីរ បានពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ និងកាន់តែរីកចម្រើនថែមទៀត។

លោក បន្ដថា ប្រទេសទាំងពីរបានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដូចជា ៖ វិស័យការពារជាតិ សន្តិសុខ វប្បធម៍ សេដ្ឋកិច្ច និងវិស័យអប់រំ ជាដើម។ បច្ចុប្បន្ននេះ ទំហំពិណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងជាលំដាប់ ដោយសម្រេចបានប្រហែលជាង ៩ពាន់លានដុល្លារអាមេរិក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ