ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី បានប្ដេជ្ញា ប្រែក្លាយកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។

ក្នុងឱកាសទទួលមុខតំណែងជារដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ តុលា លោក ឌិត ទីណា ក៏បានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយថ្នាំដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារតែទឹកជំនន់។

លើសពីនេះ លោករដ្ឋមន្ដ្រីក្រសួងកសិកម្មថ្មី ក៏បានប្ដេជ្ញាចិត្ដ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ដោយមិនសំដៅមើលតែបុគ្គលណាមួយ ឬផ្នែកណាមួយនៃកសិកម្មនោះទេ។ លោកថា បើសិនជាមានចំណុច ដែលលោកមិនអាចសម្រេចបាន ឬក៏លោកនៅមានមន្ទិលយ៉ាងណា នៅក្នុងឋានានុក្រមនៃរាជរដ្ឋាភិបាល លោកក៏អាចសួរជាយោបល់ទៅឧបនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកការងារផែនរបស់វិស័យកសិកម្ម ឬក៏សួរបន្តទៅទៀតទៅសម្ដេចតេជោ ដើម្បីបានការណែនាំយ៉ាងច្បាស់លាស់។

លោក បានគូសបញ្ជាក់ថា នៅពេលដែលមានការណែនាំ មានការយល់ច្បាស់ នូវទិសដៅដែលត្រូវធ្វើហើយ គឺវាជាសិទ្ធិ និងការទទួលបន្ទុករបស់លោក ដែលត្រូវអនុវត្តឲ្យបានពេញលេញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ